ដើម្បីសុភមង្គលគ្រួសារ


ការ​ធ្វើ​ឲ្យ​គ្រួសារ​ មា​ន​សុភមង្គល គឺ​ជា​ភារកិច្ច​របស់​សមាជិក​គ្រួសារ​ទាំង​មូល ក្នុង​នោះ​មាន​ប្ដី​ប្រពន្ធ​ឪពុក​ម្ដាយ និង​កូន​​។ តើ​ស្វាមីភរិយា​ត្រូវ​ប្រតិបត្តិ​ដូច​ម្ដេច​ខ្លះ? ដើម្បី​គ្រួសារ​មាន​សុភមង្គល?
ជា​ដំបូង​ស្វាមី​និង​ភរិយា​ត្រូវ​អនុវត្ត​ក្នុង​គ្រួសារ​នូវ​កាតព្វកិច្ច ​៥​ប្រការ​របស់​ព្រះពុទ្ធ​ឱវាទ​គឺ​
ទី១​ ត្រូវ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ស្វាមី​ភរិយា​មិន​មាន​អ្វី​ជា​ អាថ៌កំបាំង មិន​ត្រូវ​មាន​ចិត្ត​ផិត ក្បត់ មើល​ឃើញ​អ្នក​ដទៃ​ល្អ​ជាង​គូ​របស់​ខ្លួន។
ទី២​ ត្រូវ​មាន​ការ​គោរព​ចំពោះ​ស្វាមីភរិយា​ត្រូវ​ស្វែង​យល់​ពី​គ្នា​ថា​តើ​ គូ​របស់​យើង​មាន​ចំណង់ ចំណូល​ចិត្ត​បែប ណា​មិន​ត្រូវ​ជំទាស់​ឬ​តម្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ខ្លួន​ទេ ត្រូវ​មាន​ចិត្ត​អត់ធ្មត់​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។
ទី៣ ត្រូវ​​លើក​ស្ទួយ​កិត្តិយស​ស្វាមី ភរិយា​មិន​ត្រូវ​បន្តុះបង្អាប់​គ្នា ទី៤ មិន​ត្រូវ មាក់ងាយ​ស្វាមី ភរិយា​ទុក​ដូច​ទាសាទាសី ទី៥ ត្រូវ​រក​គ្រឿង​អលង្ការ ទ្រព្យសម្បត្តិ​ឲ្យ​ស្វាមី ភរិយា​ទុក​ដាក់​ សំលៀកបំពាក់​សមរម្យ។
ចំពោះ ឪពុក​ម្ដាយ​ត្រូវ​មាន​កាតព្វកិច្ច​ដូចម្ដេច​ខ្លះ​ដើម្បី​ឲ្យ​មាន​សុភមង្គល​ ក្នុង​គ្រួសារ?
ទី១​ ត្រូវ​មាន​ការ​ថែទាំ​កូន​កុំ​ឲ្យ​មាន​ជំងឺ​ដង្កាត់​ឲ្យ​មាន​សុខភាព​ មាំទាំ
ទី២ ត្រូវ​ឲ្យ​កូន​ទៅ​រៀន​ទាំង​ស្រី​ទាំង​ប្រុស​កុំ​ឲ្យ​ល្ងង់ខ្លៅ​​​
ទី៣ ត្រូវ​មាន​ការ​យកចិត្ត​ទុកដាក់​ស្រឡាញ់​អប់រំ​កូន​ប្រដៅ​ឲ្យ​កូន​ដើរ​ផ្លូវ​ ល្អ
ទី៤ ទុកដាក់​ឲ្យ​កូន​មាន​គូស្រករ​ទី៥ចែកទ្រព្យសម្បត្តិ​ឲ្យ​កូន​ក្នុង​ពេល​វេលា​ ដែល​សម​គួរ។
ចំពោះ​កូន​វិញ តើ​ត្រូវ​មាន​កាតព្វកិច្ច​ដូចម្ដេច​ដើម្បី​ឲ្យ​គ្រួសារ​មាន​សុភមង្គល? គឺកូនត្រូវបំពេញនូវកាតព្វកិច្ច៥ប្រការដែរ។
ទី១ ត្រូវមានការថែទាំ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ
ទី២ ត្រូវ​ខិតខំ​រៀន​សូត្រ
ទី៣ ត្រូវដើរផ្លូវល្អកុំធ្វើចោរ
ទី៤ មាន​ចិត្ត​កតញ្ញូ​ដឹងគុណ​ឪពុក​ម្ដាយ​
ទី៥ ត្រូវថែទាំទ្រព្យសម្បត្តីដែលឪពុកម្តាយចែកឲ្យ។
នៅ​មាន​កត្តា​ជា​ច្រើន​ទៀត ដើម្បី​ថែ​រក្សា​គ្រួសារ​ឲ្យ​មាន​សុភមង្គល ដូច​ជា​ការ​ថែទាំ​សេចក្ដី​ស្រឡាញ់​ឲ្យ​មាន​ជា​រៀង​រហូត គឺ​ធ្លាប់​ស្រឡាញ់​គ្នា​បែប​ណា​ពេល​មុន​រៀប​ការ​ឬ​ទើប​រៀប​ការ​រួច​ត្រូវ​ ធ្វើ​ឲ្យ​ដូច​មុន។ ត្រូវ​ឧស្សាហ៍​សួរ​សុខទុក្ខ​គ្នា​យក​ចិត្ត​គ្នា កុំ​បង្កើត​ភាព ធុញ​ទ្រាន់​ដូចជា​ការ​និយាយ​ដដែលៗ ។ មិន​ត្រូវ​ប្រចណ្ឌ​ខុស​របៀប មិន​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​គ្នា​។ត្រូវ​បំពេញ​សេចក្ដី​ត្រូវ​ការ​ឲ្យ​ គ្នា​ទៅ​វិញ​ទៅ​មក។
ជា​ធម្មតា​គូ​ស្វាមី​ភរិយា​ រស់​នៅ​ជា​មួយ​គ្នា​យូរ​ទៅ​តែង​មាន​ចិត្ត​ធុញ​ទ្រាន់ បើ​ចូល​ដល់​របៀប​នេះ​តើ​ត្រូវ​ធ្វើ​បែប ណា? គឺ​គូ​ស្វាមី​ភរិយា​ត្រូវ​ផ្លាស់​ប្ដូរ​បរិយាកាស​ទាំង​បន្ទប់​គេង ការរៀបចំ​ផ្ទះសំបែង​ឲ្យ​ខុស​ប្លែក នាំ​គ្នា​ចេញ​ដើរ​កម្សាន្ត​ទី​កន្លែង​ប្លែកៗ។ កត្តា​ដែល​អាច​ធ្វើ​បាន​ដែល​ល្អ​បំផុត​នោះ​គឺ ​បើ​អាច​បំបែក​គ្នា​មួយ​រយៈ​ ដូច​ជា​ការ​ចេញ​ទៅ​បំពេញ​បេសកកម្ម​​ឬ​ទៅ​រកស៊ី ឬ​ទៅ​ដើរ​កម្សាន្ត​រៀង​ខ្លួន​នៅ​ក្រៅ​ស្រុក មួយខែឬ២ខែ ។
នៅ​មាន​ការ​បំពេញ​ជា​ច្រើន​ទៀត​ប៉ុន្តែ​ខ្ញុំ​សូម​សង្ខេប​យ៉ាង​វែង​ប៉ុណ្ណេះ​ចុះ។
សូម​អរគុណ​នូវ​ការ​អាន​របស់​លោក​អ្នក។


ដើម្បីសុភមង្គលគ្រួសារ ដើម្បីសុភមង្គលគ្រួសារ Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.