=> ចំណុចគួរពិចារណាមុនរៀបការ
ទម្រាំឈានដល់ពេលវេលាដឹកដៃគ្នាចូលរោងជ័យ គូស្នេហ៍មួយគូត្រូវឆ្លងកាត់ដំណាក់កាល ជាច្រើនដូចជា ការស្គាល់គ្នា ការចែចង់ ការចំណាយពេលវេលាស្វែងយល់ចិត្តគ្នាសិក្សាពីគ្នាទៅវិញទៅមក និងស្វែងរកការគាំទ្រពីចាស់ទុំទាំងសងខាងជាដើម។ ការស្រឡាញ់មួយភ្លើងអាចធ្វើឲ្យអ្នកគិតខ្លីដោយមិនបានពិចារណា ដែលចុងក្រោយបានត្រឹមដើរចេញពីគ្នាដោយទឹកភ្នែកប៉ុណ្ណោះ។ ហេតុដូច្នេះ មុននឹងសម្រេចចិត្តរៀបការមានចំណុច បីដែលអ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន។
ទី ១៖ ត្រូវសួរខ្លួនឯងថា តើមនុស្សម្នាក់ដែលអ្នកចង់ចាប់ដៃសាងអនាគត ជាមនុស្សដែលអាចផ្ដល់ក្ដីសុខឲ្យអ្នកក្នុងដំណើរដ៏វែងឆ្ងាយបានដែរឬទេ ឬនេះគ្រាន់តែជាអាពាហ៍ពិពាហ៍ដែលអ្នកចង់ឃើញប៉ុណ្ណោះ? បើគ្រាន់តែជាអាពាហ៍ពិពាហ៍ដែលផ្ដើមពីការចង់បានរបស់អ្នកនោះ ចូរគិតសារជាថ្មី។ ស្នេហាដែលអាចរស់រានមានជីវិតវែងឆ្ងាយបាន លុះត្រាណាមានគម្រោងមួយ ច្បាស់លាស់។ តើអ្វីដែលអ្នកទាំងពីរត្រូវការក្នុងជីវិត? តើត្រូវចំណាយពេលប៉ុណ្ណាដើម្បីឲ្យគម្រោងនោះសម្រេចបាន?
ទី ២៖ ត្រូវសិក្សាពីគ្នាបានច្បាស់ពីចំណុចអវិជ្ជមានរវាងគ្នា និងគ្នា? តើចំណុចអវិជ្ជមានទាំងអស់នោះ អ្នកអាចទទួលយកពីគ្នាទៅវិញទៅមកបានដែរឬទេ? តើអ្នកមានវិធីសម្រុះសម្រួលគ្នាចំពោះចំណុចអវិជ្ជមានទាំងនោះដ៏ ប្រសើរដែរឬទេ? បើគ្មានទេនោះ ធានាថាថ្ងៃណាមួយអ្នកទាំងពីរនឹងដើរដល់ផ្លូវបែកមិនខាន។
ទី ៣៖ ចំណុចចុងក្រោយ ដែលត្រូវគិតដល់ទៀតនោះគឺ នៅពេលមានបញ្ហា តើគេជាមនុស្សម្នាក់ដែលអ្នកអាចងាករកដែរឬទេ? តើអ្នកមានអារម្មណ៍រីករាយទេ នៅពេលដែលនៅក្បែរខ្លួនគេ? ប្រសិនបើពេលមានបញ្ហា គេមិនដែលស្ដាប់បញ្ហារបស់អ្នក និងធ្វើឲ្យអ្នកពិបាកចិត្តជាងមុន ហើយអ្នកដែលអ្នកអាចពឹងពាក់បានគឺជាមិត្តភ័ក្ដិ ឬឪពុកម្ដាយទៅវិញនោះ ស្នេហារបស់អ្នកទាំងពីរប្រហែលជាត្រូវលើកទង់ជ័យសហើយទើបប្រសើរ ។
ទាំងនេះ គ្រាន់តែជាចំណុចបីប៉ុណ្ណោះ ដែលអ្នកត្រូវគិតដល់មុនរៀបការ ខណៈបញ្ហាថវិកា អាយុ ការអប់រំ និងកត្ដារួមផ្សំផ្សេងទៀត ជារឿងដែលមិនអាចមើលរំលង។ សូមកុំធ្វើអ្វីតាមចំណង់ព្រោះចំណង់ងាយនឹងរលាយក្នុងពេលដ៏ ខ្លី!
=> ចំណុចគួរពិចារណាមុនរៀបការ
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: