ដើម្បីបង្កើនសុភមង្គល

“សុភមង្គលកើតឡើងតាមរយ:មធ្យោបាយពីរ គឺផ្លូវខាងក្រៅនិងផ្លូវខាងក្នុង”
“សុភមង្គលស្ថិតនៅពាសពេញសាកល ប៉ុន្តែ តើមនុស្សគ្រប់រូបត្រូវចាប់វាយកដោយវិធីណា?”
“សុភមង្គលជាវត្ថុសក្តិសិទ្ធិមួយ ដែលមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ គេងគិតចង់បានតែ វាខុសគ្នាត្រង់ការធ្វើដំណើរទៅមនុស្សពីរនាក់អាចដើរទៅក្នុងផ្លូវខុសគ្នា ដើម្បីដល់ទីសុភមង្គល របស់ខ្លួន”
ជាញឹកញយ ជីវិតរបស់មនុស្សម្នាក់ៗ អាចប្តូរផ្លាស់ចូលទៅក្នុងចក្រភពមួយដែលមានកាតព្វកិច្ចដ៏គួរ ឲ្យទ្រាន់គ្មានទីបញ្ចប់ ប្រសិនបើយើងមិនបានផ្តោតការយកចិត្តទុកដាក់លើវា ឲ្យបានត្រឹមត្រូវ ។ ក្រៅពីការងារផ្ទះដែលធ្វើមិនចេះចប់មិនចេះហើយ យើងត្រូវទៅធ្វើការងារដ៏ច្រើនសន្ធឹកសន្ធាប់ទៀតនៅក្នុង ការិយាល័យ ឬ កន្លែងធ្វើការរបស់យើងទៀត ការទទួលខុសត្រូវលើក្រុមគ្រួសារ ការទទួលខុសត្រូវលើគោលដៅខ្លួន ការងារសហគមន៍ ការជួយអ្នកជិតខាង និងជួយមិត្តភក្តិជាដើម ។ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយស្ថិតក្រោមការងាររាប់រយរាប់ពាន់ជំពូកហ្នឹង វាមិនមានចម្ងល់អីឡើយដែលថា៖ “យើងនឹងកើតអារម្មណ៍មួយហាក់បីដូចជាខ្លួនយើងហ្នឹង ត្រូវជាប់គាំងក្នុងចរន្តមួយដ៏សែនចង្អៀតជាទីបំផុត រកកល់ចង់ដាច់ខ្យល់ស្លាប់ម្តងៗ”។ ប៉ុន្តែ សំណាងល្អដែរ ការចាប់យកភាពសប្បាយរីករាយ ដាក់ក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើង វាជាការរឿងធម្មតាវិញ ។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនឹងមានភាពសប្បាយរីករាយឡើងវិញ ។ គោលការណ៍យុទ្ធសាស្ត្រទាំងបីខាងក្រោមហ្នឹង ជាសមាសធាតុដ៏ប្រសើរបំផុតក្នុងស្វែងរកភាពសប្បាយរីករាយក្នុងអន្លងជីវិតរបស់អ្នក៖
១/បង្កើតឱកាសកម្សាន្ត
អ្នកអាចគិតថា៖ “ខ្លួនអ្នកមានភាពមមាញឹកខ្លាំងណាស់ ដោយរកបង្កើតឱកាសសប្បាយនិងការសម្រាកមិនបាន។ ប៉ុន្តែប្រសិនបើ អ្នកជាប់រវល់ខ្លាំងពេក ដោយពុំអាចឈប់សម្រាកបាន អ្នកមិនបាច់ត្រូវតែចំណាយដ៏ច្រើនពេកទេ ក្នុងការបង្កើតសកម្មភាពកំសាន្ត ។ អ្នកគ្រាន់តែចេញទៅក្រៅត្រឹមតែម្តង ឬពីរដងក្នុងមួយសប្តាហ៍ ដើម្បីសម្រាកនិងបង្កើនអារម្មណ៍ស្រស់ថ្លាឡើងវិញបានហើយ។ អ្នកអាចចំណាយពេលនៅជាមួយក្រុមគ្រួសារ មើលទស្សន៍ អានសៀវភៅ ឬចេញទៅដើរលេងកម្សាន្តនៅខាងក្រៅ និងតាមសួនច្បារជាដើម។ សកម្មភាពអីក៏ដោយ វាមិនមានបញ្ហាទេ កត្តាសំខាន់អ្នកត្រូវអនុញ្ញាតឲ្យខ្លួនអ្នក អាចមានការសម្រាកនិងបំបាត់ភាពស៊ាំញ៉ាំពីខួរក្បាលបាន មួយស្របក់បានហើយ។ ចំពោះអ្នកវិញ តើអ្នកមានគម្រោងអ្វីក្នុងការបំបាត់ភាពមួរហ្មងនិងការបង្កើត ភាពរីករាយរបស់អ្នក?
២/អនុវត្តតាមមហិច្ឆតារបស់ខ្លួនឯង
តើអ្នកមានធ្លាប់បានធ្វើអ្វីមួយដែលអ្នកគ្រាន់តែចង់ធ្វើវាតែ ប៉ុណ្ណោះដែរឬទេ? មនុស្សយើងភាគច្រើន ច្រើនតែទុកបំណងមហិច្ឆតារបស់ខ្លួនឯងចោល ក្នុងខណ:ពេលដែលពួកគេមានទំនោរចង់ទៅធ្វើអ្វីមួយដែលសំខាន់ជាង នេះ ។ ក៏ប៉ុន្តែ ការបណ្តោយតាមមហិច្ឆតារបស់អ្នក ចំពោះមូលដ្ឋានដ៏ទៀតទាត់ អាចធ្វើឲ្យការងារដែលធុញទ្រាន់បំផុត មើលទៅហាក់ដូចជាការពេញចិត្តទៅវិញ ។
ចូរចាប់ផ្តើមបង្កើតពេលវេលាដើម្បីតាមស្វែងរកគោលមហិច្ឆតារបស់ អ្នក ។ ចូរចាប់ផ្តើមធ្វើអ្វីដែលជាឧបករណ៍ជម្រុញទឹកចិត្តរបស់អ្នក ឲ្យអ្នកមានថាមពលខ្ពស់ ដូចជាការបង្កើត បណ្តាញទំនាក់ទំនងជាមនុស្សដែលមានគំនិត ឬ បែងចែករំលែងនូវផលប្រយោជន៍ដូចយើង ។ អ្នកនឹងត្រូវបានគេដឹកនាំឲ្យចូលទៅកាន់ភូមិស្ថានដ៏ពិសេស អស្ចារ្យនៃភាពសប្បាយរីករាយ ក្នុងគ្រប់តំបន់ គ្រប់ទីកន្លែង និងគ្រប់ពេលវេលានៃដំណើរលើគន្លងជីវិតរបស់អ្នក ៕
៣/ស្វែងរកភាពសប្បាយរីករាយគ្រប់ស្ថានភាព
ការបង្កើតអារម្មណ៍ល្អអាចធ្វើឲ្យស្ថានភាពដ៏ខ្មៅងងឹត មើលទៅហាក់បីដូចជាមានភាពល្អប្រសើរឡើង ។ ប្រសិនបើ អ្នកចង់បង្កើតខ្សែជីវិតរបស់អ្នក ឲ្យពោរពេញដោយភាពសប្បាយរីករាយ អ្នកត្រូវញញឹមពព្រឹមញញឹមពព្រាយ សើចក្អាកក្អាយសប្បាយឲ្យបានច្រើនតាមតែអ្នកអាចធ្វើបាន ។ ចូរស្វែងរកអ្វីដែលធ្វើខ្លួនអាចទទួលបាននូវរសជាតិសប្បាយ ។ ចូរអានសៀវភៅកំប្លែង ឬ មើលរឿងកំប្លែង ឬក៏ ធ្វើអ្វីផ្សេងទៀតដែលជាសកម្មភាពកម្សាន្តខ្លួនប្រាណរបស់អ្នក ឲ្យសណ្ឋិតនៅក្នុងដែនដីសប្បាយរីករាយ ។
ជាមួយគ្នាហ្នឹងដែរ ចូរស្វែងរកអ្វីដែលសប្បាយរីករាយ ក្នុងគ្រប់ស្ថានភាព គ្រប់បរិយាកាស គ្រប់មនុស្សដែលអ្នកបានជួប ឬ ទាក់ទង ។ គ្រប់ខ្យល់ដកដង្ហើមចេញចូលរបស់អ្នក អ្នកនឹងបានពើបប្រទះឃើញនូវរបៀងនៃរស្មីរីករាយ ។ ចូរហ្វឹកហាត់ញញឹមញញែមដាក់ខ្លួនឯង! ចូរហាត់សើចដាក់ខ្លួនឯងឲ្យបានច្រើន! តែមិនមែនក្នុងរបៀងផ្លូវអាក្រក់ឡើយ គឺក្នុងរបៀង វិថីនៃក្តីរីករាយនិងសប្បាយ ។ អ្នកក៏ត្រូវជួយអ្នកដទៃ ឲ្យចេះសើចដាក់ខ្លួនគេផង ។ អ្នកកាន់តែឈានជើងចូលក្នុងគន្លងនៃរស្មីរីករាយគ្រប់ស្ថានភាពនិង កាល:ទេស: អ្នកនឹងកាន់តែបានទទួលស្រូបរសដ៏ឈ្ងុយឆ្ងាញ់ពីភាពសប្បាយ រីករាយ ៕
សន្និដ្ឋាន
ទាំងហ្នឹងគ្រាន់តែជាមតិយោបល់ដ៏សាមញ្ញបំផុត ប៉ុន្តែវាពុំមែនជាការណ៍ខុសឆ្គង ឬជាសកម្មភាពឡប់ៗឡើយ ។ សភាពពិតរបស់វា គឺផ្ទុកដោយថាមពលដ៏ពិសេស។ នៅពេលដែលអ្នកធ្វើរឿងទាំងហ្នឹង បានជាប្រក្រតី អ្នកនឹងបានឃើញខ្លួនរបស់អ្នកពិតថា៖ “អ្នកកំពុងស្ថិតក្នុងពិភពរស្មីដ៏ត្រចះត្រចង់ ពោរពេញដោយសេរីភាព និងសុមង្គលគ្រប់ពេលវេលា មិនត្រឹមតែក្នុងសកម្មភាពដែលបានធ្វើនោះឡើយ គឺបន្ទាប់ពីសកម្មភាពទៅ អ្នកក៏នឹងនៅតែបន្តការស្រួបយកនូវរសដ៏ឈ្ងុយឆ្ងាញ់នៃភាពរីករាយ ហ្នឹងដែរ” ។ “អារម្មណ៍រីករាយធ្វើឲ្យរាងកាយដំណើរបានល្អ និងមិនមានជំងឺ ព្រមទាំងមានសាច់ឈាមស្រស់ថ្លាប្រិមប្រិយ គួរឲ្យគយគន់មិនចង់ដាក់ភ្នែក” ។ “អារម្មណ៍សប្បាយរីករាយ ជារង្វាន់ដ៏សក្តិសិទ្ធរបស់ដួងចិត្តនិងមិនអាចកាត់ថ្លៃបានឡើយ” ៕
ដើម្បីបង្កើនសុភមង្គល
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: