កត្តាបីដើម្បីសុភមង្គលជីវិត

“សុភមង្គលជាតម្រូវការចាំបាច់បំផុតរបស់មនុស្ស”
“សុភមង្គល ជីវិត គឺពិតត្រូវកំណត់គោលដៅពិតប្រាកដ មោះមុតក្នុងការស្រាឡាញ់ខ្លួនឯង និងមានក្តីជឿជាក់បំផុតលើខ្លួនឯង”
“សុភមង្គលជីវិតជាតម្រូវការជាមូលដ្ឋានរបស់មនុស្សគ្រប់រូប”
“ដូច្នេះ ដើម្បីទទួលសុភមង្គល យើងត្រូវតែខិតខំស្វះស្វែងដើររកដោយខ្លួនឯង មិនអាចគេងចាំផ្សង ឬ ចាំអ្នកគេយកមកឲ្យយើងឡើយ”
ជាទូទៅ មនុស្សភាគច្រើនក្នុងសាកលលោកហ្នឹង ប្រសិនបើ ពួកគេនិយាយដល់សុភមង្គលពួកគេច្រើនតែគិតទៅដល់កត្តានានាផ្នែកខាងក្រៅ ក្នុងគន្លងជីវិតរបស់គេ ដូចជា មានទីកន្លែងរស់ប្រកបដោយផាសុកភាព មានប្រាក់កាសចាយគ្រប់គ្រាន់និងដើរលេងសប្បាយហ៊ឺហា មានសម្លៀកបំពាក់ឡូយឆាយ និងមានអ្វីគ្រប់យ៉ាងទៀត ដែលជាតម្រូវការខាងក្រៅរបស់គេ ។ ពួកគេកម្រនឹងស្វែងរកនិងបង្កើតសុភមង្គលដោយខ្លួនឯងណាស់ ។ ពួកគេច្រើនតែពឹងផ្អែកតែលើអី្វដែលមើលឃើញនឹងភ្នែក ក្នុងខណ:ពេលដែលសុភមង្គលត្រូវការអ្វីផ្សែងទៀត ដែលពួកគេមិនដែលទាំងគិតដល់ផង ៕
សុភមង្គលដែលប្រសើរជាងនេះ គឺសុភមង្គលដែលកើតចេញពីកត្តាខាងក្នុង ។ ធម្មតាតម្រូវការរបស់មនុស្សជាចំាំបាច់មានពីរ គឺ កត្តាខាងក្រៅនិងកត្តាខាងក្នុង ។ តែ ពេលនេះ ខ្ញុំសូមលើកមកនិយាយតែកត្តាខាងក្នុងប៉ុណ្ណោះ ព្រោះ វាជារឿងសំខាន់ជាងគេ ។ ខាងក្រោមនេះ អ្នកនឹងបានឃើញនូវកត្តាសំខាន់ៗបីដែលផុសចេញពីខាងក្នុង មកជួយអ្នកឲ្យបង្កើតនូវសុភមង្គលនិងភាពក្សេមក្សាន្តដ៏ពិតប្រាកដ ។ មូលដ្ឋានគ្រឹះរបស់សុភមង្គលបីយ៉ាង:
១/គោលបំណង
ជារឿយៗ ជីវិតដែលគ្មានគោលបំណងនិងគោលដៅច្បាស់លាស់ ពិតប្រាកដ នឹងនាំទៅរកពិភពខកចិត្តនិងពិភពសោះសូន្យ នៅគ្រប់របៀងនៃវិថីជីវិត ។ ក៏ប៉ុន្តែ នៅពេលដែលលោកអ្នកផ្តើមការជឿជាក់ថា៖ “ជីវិតរបស់អ្នកមានគោលបំណងនិងមានអត្ថន័យ អ្នកនឹងបានជួបភ្លាមនូវសារ:ប្រយោជន៍និងសុភមង្គលនៃជីវិតដោយ ស្វ័យប្រវត្តិ” ។ គោលដៅជីវិតរបស់អ្នកមិនមែនមានអាជីព ឬ វិជ្ជាជីវ:ដូចជាការក្លាយគ្រួមួយរូបដែលត្រូវមានវិជ្ជាជីវ:ត្រឹម ត្រូវឡើយ ។ អ្នកអាចស្វែងរកគោលដៅនិងគោលបំណងរបស់អ្នក នៅគ្រប់ស្ថានការនិងគ្រប់ទីកន្លែង បានទាំងអស់ ។ ចូរបង្កើតគោលដៅរបស់អ្នកឲ្យបានច្បាស់ ដើម្បីបំពេញការងារ លើគ្រប់វិស័យ ឬ កំណត់ព្រំដែននៃជោគជ័យឲ្យបានត្រឹមត្រូវនិងសុក្រឹត្យ ។ ចូរជ្រើសរើសយកគោលដៅមួយពិតប្រាកដដែលអ្នកយល់ថា៖ “វាមានសារ:សំខាន់ចំពោះខ្លួនអ្នក” និងចាប់ផ្តើមតស៊ូប្តូរផ្តាច់ ព្រមបូជាជីវិតដើម្បីបុព្វហេតុគោលដៅរបស់អ្នក ។ ជាទីអវសាន វាគ្មានអ្វីជាបញ្ហាឡើយ ចំពោះគោលដៅរបស់អ្នក ដែលអ្នកបានស្ម័គ្រចិត្តជ្រើសរើសយកវា សម្រាប់គន្លងជីវិតរបស់អ្នក ។ វាមានសារ:សំខាន់ចំពោះអ្នក ៕
២/ការស្រឡាញ់ប្តូរផ្តាច់ចំពោះខ្លួនឯង
សិរីសួស្តីជ័យមង្គលនិងភាពសុខុដមរម្យនា គឺត្រូវដុះពន្លកពីការស្រឡាញ់ខ្លួនឯងយ៉ាង ប្តូរផ្តាច់ ។ ខណ:ពេលដែលអ្នកចាប់ផ្តើមស្រឡាញ់និងកើតការគោរពចំពោះខ្លួនហើយ អ្វីគ្រប់យ៉ាងហាក់បីដូចជារត់មករកចូលក្នុងគន្លងវិថីរបស់អ្នក ដោយរលូន ។ អ្នកមានការទាក់ទងល្អជាមួយអ្នកដទៃ ។ អ្នកមានអារម្មណ៍ខ្លាំងខ្លា រឹងមាំ និងកើនតុល្យភាពល្អ ព្រមទាំងអ្នកមិនបាច់ទៅប្រឆាំងតវ៉ាច្រើនចំពោះខ្លួនឡើយ ។ ការផ្តល់ក្តីស្រឡាញ់ពេញចិត្តនែបនិត្យនឹងខ្លួនឯង វាមានភាពល្អប្រសើរជាងការទៅស្វែងរកពីអ្នកដទៃ ឬ ការទទួលពីអ្នកដទៃ ។ ចូរនិយាយទៅកាន់ខ្លួនអ្នក ដោយភាសាពីរោះផ្អែមល្ហែមនិងស្ថាបនាខ្លួនអ្នក ឲ្យបានញឹកៗញយៗ តាមតែអ្នកអាចធ្វើទៅបាន ។ អ្នកកាន់តែស្រឡាញ់ខ្លួនឯង អ្នកនឹងកាន់តែមានអារម្មណ៍រីករាយសប្បាយខ្លាំង ឡើងៗ ជាដរាបនៃដង្ហើមចេញចូល ៕
៣/ការជឿជាក់លើខ្លួនឯង
ការជឿជាក់លើខ្លួនឯង ជារឿងដំបូងដែលយើងត្រូវតែធ្វើចំពោះជីវិតរបស់យើង ។ ការជឿជាក់លើខ្លួនឯង មានអានុភាព ធ្វើឲ្យយើងរឹងមាំ ខ្លាំងខ្លា ស្ថិតស្ថេរ អស្ចារ្យ និងក្លាយជាមនុស្សសក្តិសម ។ ការជឿជាក់ធ្វើឲ្យអ្នកបាត់ការភ័យខ្លាច ក្តីបារម្ភ ភាពទន់ខ្សោយ ក្តីអស់សង្ឃឹម ទុទ្ទិដ្ឋិនិយម ជំនឿខ្វះហេតុផល ការសង្ស័យ និងភាពស្លន់ស្លោរ ៕
ភាពជឿជាក់លើខ្លួនឯងអាចមានអានុភាព អាចធ្វើឲ្យអ្នកមានអារម្មណ៍គ្រប់គ្រងលើគន្លងជីវិតរបស់អ្នក ។ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយជាងមុនផងដែរ ។ ភាពជឿជាក់លើខ្លួនឯង មិនត្រឹមតែជួយអ្នកមានថាមពលនិងអំណាចគ្រប់គ្រាន់ក្នុងការក្រោក ឈរបន្តកាន់ខ្សែជីវិតរបស់អ្នក ឲ្យបានល្អប្រសើរទេ ប៉ុន្តែថែមទាំង ជួយអ្នកជឿជាក់ដាក់លើសមត្ថភាពខ្លួនឯង ដែលធ្វើអ្នកមានសក្តានុពលភាពនិងការប្តេជ្ញាចិត្តដ៏រឹងមាំដូចដែក ថែប ក្នុងការបង្កើតសុភមង្គលនិងអត្ថន័យរបស់ជីវិតពិតប្រាកដ ៕
ថ្វីត្បិតតែ មានកត្តាជាច្រើនទៀត ដែលចូលរួមក្នុងការកសាងសុភមង្គលឲ្យមាគ៌ាជីវិតមនុស្សក៏ពិតមែន ក៏ប៉ុន្តែ កត្តាទាំងបីខាងលើហ្នឹង គឺជារឿងមួយល្អប្រសើរ ពិសិដ្ឋ ប្រកបដោយថាមពលនិងមានឫទ្ធិអំណាចខ្លាំខ្លាបំផុត ព្រមទាំងមានអានុភាពជាសាកលទៀតផង ។ ជា ធម្មតា នៅពេលដែលអ្នកអាចបង្កើតកត្តាបីខាងលើហ្នឹងហើយ ចាប់យកមកដាក់ក្នុងជីវិតនិងគន្លងវិថីជីវិតអ្នក អ្នកនឹងចាប់ផ្តើមវេរបែរទៅរកពិភពដែលបរិបូណ៌ដោយអំណាច អត្ថន័យ ការប្តេជ្ញាចិត្ត និងសុភមង្គលពិតប្រាកដ ឥតលាយឡំដោយភាពខ្មៅងងឹតឡើយ ៕
កត្តាបីដើម្បីសុភមង្គលជីវិត
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: