=> វិធីកុំស្វាមីលួចមានស្រី

នៅពេលស្វាមីក្បត់ចិត្តទៅមានស្រីក្រៅ (សៅគ្រី) ស្ត្រីជាភរិយាខ្លះអាចមានវិធីកែខៃបញ្ហា ផ្សេងៗគ្នា មិនថាពឹងមន្តអាគម គ្រូស្នេហ៍ អាវុធ ទឹកអាស៊ីដ ឬរហូត ដល់កាត់អាវុធសម្ងាត់ (លិង្គ) ស្វាមីចោល ក៏មាន ដែលវិធីទាំងនេះ សុទ្ធតែធ្វើឲ្យខាតបង់ ហើយបញ្ហាកាន់តែធ្ងន់ធ្ងរ ថែមទៀតផង ។ ដូច្នេះចំពោះវិធីចាត់ការជាមួយស្វាមីដែលចូលចិត្ត “សៅគ្រី” នោះចូរអ្នកធ្វើ តាម ការណែនាំរបស់អ្នកដែលធ្លាប់មានបទពិសោធន៍ដូចខាងក្រោមនេះ ។
ហេតុអ្វីស្វាមីគិតក្បត់ភរិយា ?
– ភរិយាខ្វះចន្លោះក្នុងតួនាទី
ជាដំបូងភរិយាគួរពិនិត្យមើលភរិយាបថ ខ្លួនឯងសិន តើមានខុសឆ្គង អ្វីខ្លះទើប ស្វាមីក្បត់ចិត្ត ងាកទៅរកស្រីផ្សេង? តើអ្នកមានខ្វះខាតក្នុងតួនាទីជាមេផ្ទះដែរឬអត់។ បើមានត្រូវទទួល ស្គាល់ និងកែប្រែជាបន្ទាន់ទោះបីជាត្រូវលំបាកបន្តិចក៏ដោយចុះ។ ជាទូទៅមនុស្សយើងតែង តែមើលឃើញអ្នកដទៃថាមិនល្អបែបនេះ បែបនោះមុននឹងមើលខ្លួនឯងទៅទៀត។ កំហឹង ទោសៈ អាចបិតបាំងអ្នក រហូតមើល មិនឃើញ កំហុសខ្លួនឯង ប៉ុន្តែនៅ ពេលណាអ្នកចាប់ផ្តើម មើលឃើញពីចំណុចខ្វះខាតខ្លួនឯងគួររួសរាន់កែខៃកុំបង្អង់។
– ស្វាមីមាននិស្ស័យសាវាតាំងពីកំណើត
ករណីនេះមានបញ្ហាពិបាកបន្តិច ត្រូវតែអត់ធ្មត់បំផុត ធ្វើម៉េចបើបានជាចាប់ដៃគ្នាជាស្វាមី ភរិយា ទៅហើយ ត្រូវខិតខំបំពេញតួនាទីខ្លួនឲ្យល្អ ត្រូវ មានចិត្តត្រជាក់មិនជេរស្តីឲ្យគេអាប់ ឱនមុខមាត់ ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរត្រូវដោះស្រាយរួមគ្នាជាជំហានៗ។ ការកែប្រែនិស្ស័យ សាវារបស់ស្វាមី ត្រូវចំណាយពេលវេលាយូរទៅមុខទៀត ។
ភរិយាគួរធ្វើយ៉ាងណា?
សូមដាក់តឿនដល់ភរិយា ទាំងឡាយថា មិនថាមានបញ្ហាអ្វី មិនគួរទៅរកគ្រូធ្វើស្នេហ៍ មកអូសទាញស្វាមីនោះទេ។ អ្វីដែលអ្នកគួរធ្វើនោះគឺ ៖
–       ផ្តល់កម្លាំងចិត្តលើកសរសើរស្វាមីដោយសម្តីពីរោះពិសា ។
–       ញញឹមញញែមកុំដើរតួយក្ខិនីឲ្យសោះ ។
–       ឈប់ប្រើកម្លាំងបាយអំបើហិង្សា ធ្វើបាបគ្នាសម្តីដៀមដាម ចាក់ដោតបញ្ជេះកំហឹង រួមទាំង ការចាប់ កំហុសទាំងឡាយ។
–       អ្វីដែលអាចព្រមព្រៀង ស្រុះស្រួលគ្នាបាន គួរតែសម្រួលគ្នាទៅ ស្គាល់គំនិតស្វាមីឲ្យបានច្រើន រួចហើយបង្កើនការ យល់ចិត្តគ្នាមួយ កម្រិត ទៀត ដើម្បីជីវិតគ្រួសារ គង់វង្ស ។
–       ថែរក្សាសម្រស់ តុបតែងកាយឲ្យបានសមរម្យ កុំឲ្យមើលទៅរយីករយាកពេក…៕
=> វិធីកុំស្វាមីលួចមានស្រី => វិធីកុំស្វាមីលួចមានស្រី Reviewed by Sabay KH on October 18, 2017 Rating: 5

No comments:

Powered by Blogger.