ស្នេហាពិតមានន័យយ៉ាងណា?

សេចក្ដីស្នេហាជាតម្រូវការរបស់មនុស្សគ្រប់រូប ដែលមិនអាចជៀសផុតបាន។ ប៉ុន្តែសេចក្ដី ស្នេហាទាមទារឲ្យអ្នកមានភាពស្មោះត្រង់ចំពោះគ្នានឹងគ្នា ទៅវិញទៅមក។ ហេតុអ្វីសេចក្ដី ស្នេហាចាំបាច់ទាមទារឲ្យមានភាពស្មោះត្រង់ចំពោះគ្នា? តើសេចក្ដីស្នេហាមានន័យយ៉ាង ណាចំពោះអ្នក?
សេចក្ដីស្នេហាជាកូនសោមានតួនាទីចម្រុះ បើកបានគ្រប់ទ្វារទាំងអស់ហើយនាំយើងឈានទៅដល់សុភមង្គលក្នុងជីវិត អាពាហ៍ពិពាហ៍។ ការលួចស្រឡាញ់ប្រតិព័ទ្ធនរណាម្នាក់ក៏ជាស្នេហាដែរ គឺជាស្នេហាសម្ងាត់។ ស្នេហាសម្ងាត់នេះ ចេញពីក្រអៅបេះដូងសម្ងាត់ដែលលបលួចគេងគិតតែម្នាក់ឯង។ ជាការពិតណាស់នៅពេល ដែលអ្នកលួចស្រឡាញ់នរណាម្នាក់ អ្នកតែងតែគិតគូរខ្វល់ខ្វាយចំពោះគេស្ទើរតែគ្រប់ដង្ហើម ចេញចូល។ ហើយអារម្មណ៍របស់គេ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះមនុស្សដែល ខ្លួនស្រឡាញ់គ្រប់ពេលវេលា។ ស្នេហា មានឥទ្ធិពលខ្លាំងណាស់ លើជីវិតមនុស្សម្នាក់ៗ ព្រោះ ថាមនុស្សម្នាក់ៗពិតជាមិនចង់រស់នៅតែម្នាក់ឯង ព្រោះថាមនុស្សគ្រប់រូបត្រូវការគូស្នេហ៍ប្រចាំ ជីវិត។ សេចក្ដីស្នេហា នៅតែមានពន្លកឥទ្ធិពលក្នុងដួងចិត្តមនុស្ស។ បើស្នេហាមានឥទ្ធិពល ខ្លាំងខ្លាយ៉ាងនេះ អ្នកគួរតែប្រយ័ត្នប្រយែង មិនត្រូវបណ្ដោយឲ្យមានការភ័ន្តច្រឡំ ចំពោះសេចក្ដី សង្ឃឹមបណ្ដោះអាសន្នដែលកើតឡើងក្នុងរយៈពេលខ្លីនោះទេ។ សេចក្ដីស្នេហាមិនគ្រាន់តែជា “ផ្លេកបន្ទោរ” ឆ្វាចចុះ ឆ្វាចឡើង ហើយក៏រួចស្រេចនោះទេ។ នៅពេលដែលអ្នកស្រឡាញ់មនុស្ស ម្នាក់ ក្រៅពីការស្រឡាញ់រូបរាង អ្នកថែមទាំងត្រូវពិនិត្យមើលសតិអារម្មណ៍ អាកប្បកិរិយា និង មនោសញ្ចេតនារបស់មនុស្សដែលយើងស្រឡាញ់ផងដែរ។ សេចក្ដីស្នេហា មិនអាចកំណត់ឡើង ដោយសារការរំភើបមួយរំពេចនោះទេ ប៉ុន្តែត្រូវការពេលវេលាដើម្បីសាកល្បង។ សេចក្ដីស្នេហា ស្មោះត្រង់ និងធំធាត់ឡើងជាបណ្ដើរៗ តាមពេលវេលា ផ្ទុយទៅវិញបើសិនជាគ្រាន់តែកម្រិត ចំពោះត្រឹមតែអារម្មណ៍រំភើបតែមួយមុខនោះ មិនយូរប៉ុន្មានសេចក្ដីស្នេហានោះនឹងរុះរោយហើយ ស្លាប់ដោយក្រៀមក្រោះជាក់ច្បាស់ជាមិន ខានឡើយ។ ពេលខ្លះស្នេហា គ្រាន់ជាការលេងសើច សប្បាយ …….ស្នេហាគឺជាការបោកប្រាស់! ពាក្យផ្អែមពីរោះរកគ្នា…គឺជាពាក្យភូតកុហកទាំងអស់។ ស្នេហាបរិសុទ្ធគ្មានទេ! គឺជាកិលេសអពមង្គល ដែលធ្វើឲ្យយើងឈ្លក់វង្វេងស្មារតីតែក្នុងរយៈ ពេលដ៏ខ្លី …សែនខ្លី។
ពេលខ្លះទៀត ស្នេហាគឺជាថ្នាំពេទ្យមួយប្រភេទដែលមានមុខពីរ ស្នេហាជាដើមហេតុនៃសេចក្ដី សុខ ស្នេហាជាទឹកឃ្មុំ។ ស្នេហាជាដាវមុតស្រួចដែលអាចចាក់សម្លាប់មនុស្សគ្រប់ពេលតែវាក៏ ជាថ្នាំពេទ្យដែលល្អបំផុតនៅពេលដែលគេចាក់បេះដូងឲ្យធ្លុះធ្លាយ ស្នេហាពិតជាពិបាកយល់ ណាស់ ម្ដងធ្វើឲ្យមនុស្សសើច ម្ដងធ្វើឲ្យមនុស្សក្រៀមក្រំ ឬក៏យំ។
ស្នេហា គឺជាការរួមរស់ជាមួយគ្នាយ៉ាងស្មោះអស់មួយជីវិតរវាងបុរសម្នាក់ និងនារីម្នាក់។ ការរួម រស់ជាមួយគ្នាយ៉ាងស្មោះនេះ មានគោលបំណងបង្កបង្កើតឡើងនូវលក្ខណៈសម្បត្តិងាយស្រួល និងមាំទាំដើម្បីទទួលនូវសុខមាលភាព និងសុភមង្គលក្នុងផ្លូវសម្ភារៈ មនោសញ្ចេតនា និងចរិត ដែលមនុស្សម្នាក់ៗ មិនអាចនឹងស្វែងរកបាន កាលបើខ្លួននៅតែម្នាក់ឯង។ រូបភាពស្របច្បាប់ និងសាមញ្ញរបស់ស្នេហា គឺពិធីរៀបអាពាហ៍ពិពាហ៍។ “ស្នេហា និង ពលិកម្ម” គឺជាវត្ថុពីរដែល ត្រូវដើរទន្ទឹមគ្នាជានិច្ច។ មានស្នេហាគឺមានពលិកម្ម មានស្នេហាមានការលះបង់…ស្រឡាញ់ មនុស្សម្នាក់ ត្រូវហ៊ានលះបង់ធ្វើពលិកម្ម បូជាសេចក្ដីសុខផ្ទាល់ខ្លួនដើម្បីមនុស្សម្នាក់ទៀត ដែល ខ្លួនស្រឡាញ់។ ស្នេហាមិនបានបង្គាប់ឲ្យមនុស្សធ្វើពលិកម្មនោះទេ តែមនុស្សខ្លួនឯងគួរតែមាន សម្បជញ្ញៈ និងស្មារតីភ្ញាក់រឮក មួយថា ខ្លួនគួរធ្វើពលិកម្មចំពោះមនុស្សដែលខ្លួនកំពុងស្រឡាញ់ ឬអត់?
តើ ស្នេហាជាអ្វី? យុវវ័យមួយចំនួនដែលបានប្រឡូកក្នុងពិភពស្នេហា ហើយទទួលបាននូវការខក ចិត្តនោះ តែងស្រែកសួររកន័យស្នេហា! រហូតមកដល់បច្ចុប្បន្ននេះពុំទាន់មានអ្នកណាម្នាក់អាច ឆ្លើយសំណួរនេះបានគ្រប់គ្រាន់ទេ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងលោកយើងនេះ ឆ្លើយខុសនោះ ដែរ។ ដូច្នេះសំណួរដែលពុំទាន់មានចម្លើយជាប្រាកដ ហើយនៅតែចោទសួរ ដដែលថា តើស្នេហា ជាអ្វី? បើស្នេហាជាសេចក្ដីស្រឡាញ់វិញ តើចុះសេចក្ដីស្រឡាញ់នោះជាអ្វី? ជាស្នេហាវិញមែនទេ? ពិតជាមិនអាចត្រឡប់ចុះឡើងដោយងាយៗពេកនោះទេ។ បុគ្គលខ្លះនិយាយឲ្យរួចតែពីមាត់ថា ស្នេហាជាការលះបង់! តើវាពិតជាការលះបង់មែនឬ? លះបង់ជាអ្វី? ពេលវេលា និងអាយុជីវិត? សម្បត្តិទ្រព្យធន ឬអ្វីផ្សេងទៀត?
ជាការពិត ស្នេហាជាការលះបង់ តែពុំមែនលះបង់គ្រប់អ្វីៗដោយមិនបានគិតពិចារណានោះទេ។ ការលះបង់ ក្នុងដំណាក់កាលណាមួយអាចជា ពេលវេលា ក្នុងការណាត់ជួបសំណេះសំណាលគ្នា លះបង់ក្នុងការចេះចែករំលែកនូវចំណេះដឹង ការពិភាក្សា ឬធនធានក្នុងគ្រាមានអាសន្នអន់ ក្រ ណាមួយ…មួយវិញទៀតបានជាគេនិយាយថា ស្នេហាគឺជាការលះបង់នោះ គឺចង់សំដៅដល់ការ ហ៊ានលះបង់មនុស្សដែលខ្លួនស្រឡាញ់ ទៅបុគ្គលទី៣ (ក្នុងករណីដែលគេពុំស្រឡាញ់យើងវិញ) សុខចិត្ត លះបង់ ឲ្យគេមានសេរីភាពក្នុងការជ្រើសរើស គូដំណើរជីវិតរបស់គេ។ សេចក្ដីស្រឡាញ់ គឺចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ទទួលបានសេចក្ដីសុខសុភមង្គល ទោះបីជាគេមានសេចក្ដី សុខជាមួយមនុស្សទី៣ ក៏យើងនៅតែស្រឡាញ់គេជានិច្ចដែរ ឥតមានថមថយឡើយ បើយើង ស្រឡាញ់គេពិតប្រាដកមែន យើងគ្មានសិទ្ធិបៀតបៀនគេនោះទេ បើមិនដូច្នោះទេ មានន័យថា យើងពុំស្រឡាញ់គេពិតប្រាកដនោះទេ។ សេចក្ដីស្នេហាជួនកាលយើងស្រឡាញ់គេ តែគេមិនស្រឡាញ់យើងវិញ ហើយ ផ្ទុយមកវិញមានពេលខ្លះទៀតគេស្រឡាញ់យើងប៉ុន្តែយើង ពុំព្រមស្រឡាញ់គេវិញក៏មាន។ សេចក្ដីស្រឡាញ់ និងការបូជាលះបង់ឲ្យមនុស្សដែលយើង ស្រឡាញ់មានភាពរីកចម្រើនលូតលាស់ ហើយទីបំផុតគេទៅមានអ្នកថ្មីទៀតដែលល្អជាងយើង។ អ្នកមិនត្រូវទោមនស្ស កើតទុក្ខឈឺចាប់នោះទេ។ បើអ្នកកើតទុកឈឺចាប់ហើយទៅឈ្នានីស បៀតបៀនគេនោះ មានន័យថាយើងមិនស្រឡាញ់គេដោយស្មោះនោះទេ វាពុំមែនជាស្នេហា ពិតឡើយ។
ជាចុងក្រោយស្នេហាពិត គឺពិតជាមានអត្ថន័យខ្លាំងណាស់ក្នុងជីវិតមនុស្សម្នាក់ៗដែលមិនអាចខ្វះបាន ហើយវាជាផ្នែក មួយសំខាន់សម្រាប់ជីវិត។ លើសពីនេះទៅទៀត មុននឹងអ្នកសារភាពសេចក្ដីស្នេហា ចំពោះ នរណាម្នាក់ អ្នកត្រូវតែធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ទើបវាមានភាពល្អ ប្រសើរ ទោះបីជាការសំរេចចិត្តនោះខុសឬត្រូវក៏ដោយ ក៏អ្នកមានភាពអស់ចិត្តដែរ ព្រោះថាអ្នក បាន ទទួលព័ត៌គ្រប់គ្រាន់ហើយមុននឹងសំរេចចិត្ត។
ស្នេហាពិតមានន័យយ៉ាងណា?
Reviewed by Sabay KH
on
October 18, 2017
Rating:
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: