=> តើស្នេហាកើតចេញពីបេះដូង ឬពីខួរក្បាល?
ពិតជាគួរអោយឆ្ងល់មែនតើ! កាលណាគេនិយាយពីស្នេហា, គេសំដៅបេះដូង ព្រោះវាជាកន្លែង ដែលផ្ដួចផ្ដើមស្នេហា? មិនមែននៅខួរក្បាលទេ? គេថែមទាំងថាបេះដូងគឺតំណាងសេចក្ដីស្នេហា។ តាមពិតរឿងនេះវាពិតជាឆ្លងកាត់មកពីខួរក្បាលមុនជាមិនខាន ព្រោះស្នេហាវាត្រូវការភ្នែកមុន ដំបូងទើបកើតចិត្តស្នេហ៏ទៅបាន។ ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាវានំាដំណឹងនេះទៅកាន់បេះដូង នំាអោយបេះដូងលោតកំរើក ខុសចង្វាក់ធម្មតាដោយកើតសេចក្ដីព្រួយភ័យផង អរផងនំាអោយ គិតច្រើន ហើយការគិតនេះ គឺត្រូវការខួរក្បាលដើម្បីពិចារណារិះរកមធ្យោបាយយ៉ាងណាអោយ ស្នេហារបស់ខ្លួនទទួលជោគជ័យនិងមិនព្រាត់ប្រាស់។ ប៉ុន្តែអ្វីទាំងអស់ស្ថិតនៅក្រោមឥទ្ធិពល នៃ ព្រេងវាសនា។
មានប្រវត្តិពីរឿងថាស្នេហាកើតចេញពីបេះដូង ដូចនេះ៖យក្សមួយក្បាលឈ្មោះ Tâkara បានតំាង សីល ហើយបានទទួលអនុភាពសំបើមមួយពីព្រះព្រហ្ម គឺថាគ្មានអាទិទេពណាអាចវាយប្រយុទ្ធ ឈ្នះបានលើកលែងតែបុត្រប្រុសរបស់ព្រះសិវៈម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែសម័យនោះព្រះសិវៈគ្មាន បុត្រប្រុសមួយអង្គទេ។ ព្រះអង្គកំពុងតាំងសីលនៅឯហេមពាន្ត ក្រោយពីព្រះអង្គបានបាត់ភរិយា របស់ព្រះអង្គនាង Sâti ដែលបានទទួលអនិច្ចកម្មទៅហើយ។ ដោយហេតុហ្នឹងបានជាព្រះឥន្ទ្រប្រើ អោយព្រះកាមទេព (Kama) ចេញទៅបាញ់ព្រួញស្នេហ៏តំរង់ព្រះសិវៈ ដែលកំពុងស្មឹងស្មាធិ កណ្ដាលព្រៃហេមពាន្តយ៉ាងសុខសាន្ត។ ព្រមទទួលបេសកម្មដ៏ប្រកបគ្រោះថ្នាក់យ៉ាងក្លាហាន, ព្រះកាមទេពចេញទៅដល់ភ្នំ Kailasa ស្ងាត់ៗ ដោយលបមើលព្រះសិវៈកំពុងតាំងសីលមួយ ស្របក់ ក៏ព្រះនាងបព៌ត (Parvati) មកដល់មានដៃកាន់បុប្ផាស្រស់ល្អមកផង ហើយព្រះកាមទេព ឆ្លៀតឱកាសដ៏ល្អនេះ ដោយហូតទាញព្រួញមកបាញ់តំរង់ទ្រូងព្រះសិវៈ ដើម្បីអោយព្រះអង្គកើត ចិត្តស្នេហាចំពោះព្រះនាង Parvati ដែលទើបមកដល់ចំពោះព្រះភក្ត្រ។ ភ្លាមនោះគ្រាប់ព្រួញ ហោះទៅចំទ្រូង(បេះដូង)ព្រះសិវៈៗកើតមានសេចក្ដីស្នេហាភ្លាមចំពោះព្រះនាង Parvati ហើយ ព្រមពេលជាមួយគ្នានេះ ព្រះអង្គបានទតឃើញព្រះកាមទេព ដែលមានចិត្តព្រហើន ក៏បើកព្រះ នេត្រទីបីរបស់ព្រះអង្គនៅលើថ្ងាស បាញ់ពន្លឺកំទេចព្រះកាមទេពជាផែសមួយរំពេច។ ទោះបី យ៉ាងណា សេចក្ដីស្នេហាមិនបានជ្រាបចូលសព្វក្នុងបេះដូងរបស់ព្រះអង្គទំាងស្រុងភ្លាមទេ។ដូច្នេះ ហើយទើបបានជាព្រះសិវៈនៅតែបន្តតំាងសីលជាច្រើនឆ្នាំទៀតទើបមករួមស្នេហាជាមួយព្រះនាង Parvatiដើម្បីបង្កើតកូនប្រុសមួយរូបល្អឆ្នើមព្រះនាម Karttikeya ដើម្បីទៅសំលាប់អសុរៈ Tâkara កំណាចរាតត្បាតលើអស់អាទិទេពទំាងពួង។
ស្នេហាប្រៀបដូចជាស្វាយស្រគាលដែល គេបេះយកមកបន្ទុំ៖ វាត្រូវការពេលដើម្បីទុំ! អញ្ចឹង ហើយបានជាស្នេហាគ្រាដំបូងនំាអោយមានការបារម្ភ ព្រោះវាអាចប្រែប្រួល ផ្លាស់ប្ដូរ។ នេះមកពី ស្នេហានៅគ្រាដំបូង ស្ថិតនៅលើផ្ទៃនៃការរុករាវ។ បន្ទាប់ពីពេលកន្លងបានមួយ រយៈកាល ទើបវា ទុំហើយផ្អែម។
=> តើស្នេហាកើតចេញពីបេះដូង ឬពីខួរក្បាល?
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: