=> ដើម្បីសុភមង្គលអាពាហ៍ពិពាហ៍
រូបមន្តសំរាប់សុភមង្គលក្នុងអាពាហ៍ពិពាហ៍ មិនមែនជារឿងសំងាត់ដ៏អាថកំបាំងអ្វីនោះ ទេ តាមការពិតវាជារឿងចំៗនៅនឹងមុខយើងតែម្តង ប្តីប្រពន្ធដែលចង់បានអាពាហ៍ពិពាហ៍ដ៏ពេញចិត្តពេញថ្លើមមួយ តែងសែ្វងរកវិធីនានា ដើម្បីរក្សាសេចក្តីសេ្នហារបស់ គេអោយមានភាពរឹងមាំ។
ចំណុច7យ៉ាងខាងក្រោមនេះនឹងក្លាយជាផ្លូវតំរង់ទិសដល់អ្នក ដើម្បីបង្កើតឱកាសរបស់អ្នកនូវអ្វីដែលអាចធ្វើបាន ដើម្បីអោយអាពាហ៍ពិពាហ៍មួយមានសេក្តីសុខ សុភមង្គល៖
1-គិតគូបញ្ហាផ្ទាល់ខ្លួនដោយខ្លួនឯងពេលអ្នកស្ថិតក្នុងជីវិតអាពាហ៍ពិពាហ៍៖ ប្រតិកម្មភាគច្រើនដែលអ្នកបង្ហាញចំពោះការប្រព្រឹត្តរបស់ដៃគូអ្នកនោះ ត្រូវបានបង្ករឡើងដោយព្រឹត្តិការណ៍ពីអតីតកាលនៃជីវិតកុមារភាពរបស់អ្នក។ ប្រសិនបើដំបៅក្នុងដួងចិត្តរបស់អ្នកត្រូវបានគេធ្វើអោយឈឺផ្សាឡើងវិញ ហើយពេលដែលដៃគូអ្នកធ្វើអ្វីមួយ ដោយគ្មានចេតនាប៉ះពាល់ដល់អារម្មណ៍ ទាំងនោះ អ្នកនឹងជួបនូវប្រតិកម្មដ៏តានតឹងមួយការប្រឹក្សាជាលក្ខណៈបុគ្គល អាចជួយអោយអ្នកដឹងខ្លួនជានិច្ចនូវអ្វីដែលនៅពីក្រោយប្រតិកម្មតានតឹង ទាំងនោះ ហើយបញ្ចៀសបានកំហឹងហួសហេតុដែលដាក់បញ្ហាផេ្សងៗក្នុងអាពាហ៍ពិពាហ៍ ។
2-ចៀសវាងការស្តីបន្ទោសដៃគូរបស់ខ្លួនចំពោះបញ្ហានានាក្នុងអាពាហ៍ពិពាហ៍៖ ការស្តីបន្ទោសមានតែបណ្តាលអោយដៃគូខ្លួនមានការខឹងច្រឡោត និងធ្វើការការពារខ្លួនប៉ុណ្ណោះចំពោះបញ្ហារបស់អ្នក។ ពេលអ្នកផ្តោតលើការស្តីបន្ទោសដាក់ដៃគូរបស់អ្នកនូវអ្វីដែលបានកើតឡើងនោះ អ្នកកំពុងបណ្តុះគ្រាប់ពូជនៃភាពជូចត់ដែលអាចធ្វើអោយទំនាក់ទំនងសេ្នហារបស់ អ្នកឈឺចាប់ឡើង។ អាពាហ៍ពិពាហ៍មួយផ្សំផ្គុំដោយមនុស្សពីរនាក់ ដូចនេះមនុស្សនិមួយៗមានការរួមចំណែកដល់គុណភាពនៃទំនាក់ទំនងនោះ ហើយចែករំលែកទំនួលខុសត្រូវស្មើៗគ្នាចំពោះបញ្ហា។
3-យល់ពីអារម្មណ៍អ្នកដទៃ ហើយប្រដូចខ្លួនឯងទៅក្នុងស្ថានការណ៍របស់ដៃគូខ្លួន៖ ចូរព្យាយាមយល់អោយពិតប្រាកដចំពោះអារម្មណ៍របស់ដៃគូអ្នក ពេលដែលអ្នកមិនចុះសំរុងនឹងគ្នា ឬពេលដែលដៃគូអ្នកធ្វើអ្វីមួយដែលអ្នកមិនអាចយល់ពីអារម្មណ៍គេបាន។ ចូរអោយដៃគូអ្នកនិយាយប្រាប់អ្នកអំពីអារម្មណ៍របស់ពួកគេ ស្តាប់ដោយការគោរព និងសួរបញ្ជាក់អោយច្បាស់នូវចំណុចនិមួយៗដែលអ្នកមិនយល់។ អ្នកត្រូវចេះរៀនអភិវឌ្ឍខ្លួនឯង នូវអារម្មណ៍ចង់ដឹងពីអ្នកដទៃ ហើយបង្កើតបរិយាកាសសុវតិ្ថភាពផែ្នកផ្លូវចិត្តមួយសំរាប់ការពិភាក្សា ជាមួយប្តី ឬប្រពន្ធរបស់អ្នក ។
4-សែ្វងរកវិធីដើម្បីធ្វើអោយជីវិតដៃគូរបស់អ្នកមានភាពងាយស្រួល និងបង្អាញពីសេចក្តីសេ្នហារបស់អ្នកចំពោះគេ៖ ពេលដែលអ្នកឃើញកិច្ចការដ៏សមញ្ញមួយចំនួន ដែលអ្នកអាចធ្វើបានដើម្បីសន្សំសំចៃពេលវេលាដល់ដៃគូរបស់អ្នកនោះ ចូរធ្វើវាទៅសែ្វងរកឱកាសនានាដើម្បីអោយប្តី ឬប្រពន្ធអ្នកមានការសំរាកបន្ធូរអារម្មណ៍ប៉ុន្មាននាទីផង។ ជាញឹកញាប់វាជារឿងតូចតាចដែលធ្វើអោយមានការផ្លាស់ប្តូរដ៏ធំមួយក្នុង សុភមង្គលនិងភាពពេញចិត្តរបស់អាពាហ៍ពិពាហ៍ ។
5-សំដែងនូវការពេញចិត្តអោយបានញឹកញាប់ ហើយនិយាយពាក្យថា “អរគុណ” អោយក្លាយជាទម្លាប់មួយ៖ ពេលដែលរៀបការអស់រយៈពេលជាច្រើនឆ្នាំមក ប្តីប្រពន្ធភាគច្រើនតែងមើលរំលងគ្នាទៅវិញទៅមក ហើយព្រងើយកន្តើយនូវការសំដែងភាពពេញចិត្តឬនិយាយពាក្យថា “អរគុណ” ដាក់គ្នាទៅវិញទៅមក។ ចូរអោយប្តី ឬប្រពន្ធអ្នកដឹងថា ពួកគេមានន័យច្រើនប៉ុណ្ណាចំពោះអ្នក ដោយផ្តល់ការបំពេញបនែ្ថម និងការកោតសរសើរជាចំហរ ហើយសំដែងនូវការដឹងគុណសំរាប់អ្វីៗទាំងអស់ដែលដៃគូអ្នកបានធ្វើដល់ ជីវិតរបស់អ្នក និងអាពាហ៍ពិពាហ៍ទាំងមូល ។
6-ធ្វើការអភ័យទោសភ្លាមៗ និងចេញពីដួងចិត្តដោយទទួលខុសត្រូវនូវកំហុសរបស់អ្នក ទៅលើអ្វីដែលកើតឡើង៖ ការពិតនោះគឺថាពេលខ្លះវាពិបាកណាស់ ដែលត្រូវនិយាយពាក្យថា “ខ្ញុំសុំទោស”។ ចូរទទួលស្គាល់ថារឿងរ៉ាវខ្លះ មិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេក្នុងទំនាក់ទំនងសេ្នហាមួយ ហើយការច្របូកច្របល់ និងការយល់ខុសអាចកើតឡើងបានយ៉ាងងាយស្រួល វាជាសញ្ញាមួយនៃភាពចាស់ទុំរបស់អ្នក ពេលដែលអ្នកអាចនិយាយពាក្យថា “ខ្ញុំសុំទោសចំពោះ កំហុសរបស់ខ្ញុំ ដែលបានកើតឡើងរវាងយើងទាំងពីរ” ។
7, មានចំណង់ចំណូលចិត្ត ទម្លាប់ និងសកម្មភាពផេ្សងៗក្នុងជីវិត ដែលជួយដល់អ្នកប្រសិនបើមានទំនាស់ជាមួយដៃគូរបស់អ្នក៖ វាជាការសំខាន់ណាស់ដែលអ្នកគួរតែមានសកម្មភាពកម្សាន្តជាចំណង់ចំណូល ចិត្តផ្ទាល់ខ្លួនរបស់អ្នក ដែលវាអាចជួយអោយអ្នកមានតុល្យភាព និងលើកស្ទួយអ្នក ប្រសិនបើមានរឿងរ៉ាវមិនសប្បាយចិត្តមួយចំនួនកើតឡើងក្នុងជីវិតអ្នកនោះ។ ឧទាហរណ៍ ប្រសិនបើអ្នកនិងប្តី ឬប្រពន្ធអ្នកកំពុងជួបឧបសគ្គមួយចំនួនក្នុងដំណើរជិវិតអាពាហ៍ពិពាហ៍នោះ អ្នកអាចមានទម្លាប់ជិះកង់កម្សាន្តទៅស្ទូចត្រី ជាមួយមិត្តរបស់អ្នកទៅទស្សនា សារមន្ទីរ ឬក៏អានសៀវភៅ ដែលគួរអោយចាប់អារម្មណ៍មួយសកម្មភាពនិងចំណង់ចំណូលចិត្តទាំងនេះ អាចបនែ្ថមនូវការសប្បាយដល់ជីវិតរបស់អ្នក និងជួយលើកស្ទួយអ្នកអោយចេញផុតពីបញ្ហាពិបាកផេ្សងៗក្នុងជីវិត អាពាហ៍ពិពាហ៍របស់អ្នក។ ជាងនេះទៅទៀតចូរសែ្វងរក សកម្មភាពកម្សាន្តនានា ដែលជាការសប្បាយសំរាប់អ្នក និងដៃគូរបស់អ្នកដែលអ្នកត្រូវធ្វើជាមួយគ្នា ការសើចសប្បាយជាមួយគ្នាគឺជាការអភិវឌ្ឍន៍ទំនាក់ទំនងដ៏ស្និទ្ធស្នាល ៕
=> ដើម្បីសុភមង្គលអាពាហ៍ពិពាហ៍
Reviewed by Sabay KH
on
October 18, 2017
Rating:

No comments: