ស្នេហាដូចគ្នានិយមន័យផ្សេងគ្នា
ស្នេហាធ្វើអោយមនុស្សមានអារម្មណ៍ផ្សេងគ្នា
ចំពោះខ្ញុំតាំងពិចាប់ផ្តើមធំដឹងក្តីមក ខ្ញុំតែងតែគិតថាស្នេហាគឺជាពិភពលោកដ៏ស្រស់ស្អាតពោលពេញទៅដោយផ្កាចំរុះពណ៏ដែលសាយភាយក្លិនក្រអូបស្រុះស្រាយ ជាសេចក្តីសុខដែលអ្នកណាៗក៏ប្រាថ្នាចង់បាន។ ខ្ញុំគ្រាន់តែដឹងថាខ្ញុំត្រូវការមនុស្សម្នាក់ស្រលាញ់ថ្នាក់ថ្នម ខ្ញុំហើយខ្ញុំនឹងប្រគល់ក្តីស្រលាញ់ទាំងអស់ទៅឲ្យគេដោយយកភាពស្មោះត្រង់ស្មោះស្មគ្រ័នឹងភក្តីភាពជូនឲ្យគេ។
ផ្ទុយទៅវិញជាក់ស្តែងស្នេហាមិនមែនជារឿងសាមញ្ញធម្មតាដូចដែលខ្ញុំ បានគិតនោះឡើយ វាទាមទានូវការយកចិត្តទុកដាក់របស់មនុស្សពីរម្នាក់ដែលមានបេះដូង ដូចគ្នាហ៊ានលះបង់ពេលវេលានឹងអ្វីៗផ្សេងទៀតដើម្បីថែរក្សាស្នេហាឲ្យបានគង់វង់។ ស្នេហាពិតជាត្រូវការភាពអំនត់អត់ធ្មត់ខ្ពស់ ការលើកលែងនឹងយោគយល់គ្នាទៅវិញទៅមក ការផ្តល់ឲ្យគ្នានូវភាពជឿជាក់ នឹងទំនាក់ទំនងល្អ យល់នូវអ្វីដែលស្នេហាត្រូវការគឺជាសារះសំខាន់ក្នុងការធ្វើឲ្យស្នេហាមានភាពរឹងមាំ។
នៅពេលមានឱកាសល្អគួរតែបង្កើតនូវអនុស្សាវរ៏យ៏ ផ្អែមល្ហែមល្អៗជាមួយគ្នាឲ្យបានច្រើន វាអាចជួយបង្កើននឹងថែទាំស្នេហាឲ្យរឹតតែមាំមួន។ ស្នេហាគឺជាថាមពលន័យធម្មជាតិដែលអាចធ្វើឲ្យបេះដូងមនុស្សញាប់ញ័រ កន្ត្រាក់អារម្មណ៏ភ្លឹកភ្លាំងបង្វក់ស្មារតីឲ្យលិចលង់ទៅក្នុងជិវិតដែលមានតែស្នាមញញឹមរៀងរាល់ព្រឹកព្រលឹមខ្ញុំភ្ញាក់ឡើងដោយគ្មាន ភាពសៅម្មង ខ្ញុំភ្ញាក់ឡើងដោយក្តីពេញចិត្តរីករាយនឹងមើលឃើញផ្ទៃមេឃពណ៏ក្រហម ស្រទុំលាយឡំជាមួយសំលេងចាបស្រែកខ្ញៀវខ្ញា នៅក្នុងពេលតែមួយខ្ញុំក៏បានក្រលេកមើលទៅក្នុងកញ្ចក់កុំព្យូទ័រដែល បានពាំនាំជាមួយសារនឹងក្តីស្រលាញ់របស់បុរសម្នាក់ដែលជាមូលហេតុ តែមួយគត់ដែលធ្វើឲ្យខ្ញុំភ្ញាក់ឡើងដោយមានសេចក្តីសុខ (អូនភ្ញាក់ហើយឬនៅ?) ពាក្យខ្លីតែមានន័យគ្រប់គ្រាន់ដែលអាចធ្វើឲ្យខ្ញុំញញឹមពេញចិត្តពេញ មួយថ្ងៃហើយខ្ញុំនឹងតបទៅវិញដោយក្តីស្រលាញ់ (ភ្ញាក់ហើយ..បងកំពុងធ្វើអ្វីនឹង?) សារក៏ចេះតែបន្តផ្ញើត្រលប់ទៅមកដោយសេចក្តីយកចិត្តទុកដាក់នឹងការថ្នាក់ថ្នមបង្ហាញឲ្យឃើញនូវក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក។
ខ្ញុំយល់ថាជីវិតស្នេហារបស់ខ្ញុំត្រឹមតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ ហើយក្នុងការរស់នៅរបស់នារីម្នាក់នេះ ប៉ុន្តែជាក់ស្តែងមិនដូច្នេះទេ ក៏ព្រោះតែជិវភាពរស់នៅប្រចាំថ្ងៃពុំមែនត្រូវការតែស្នេហាមួយមុខ នោះគឺគ្រប់គ្រាន់ពេញលេញនោះទេ យើងត្រូវបែងចែកពេលវេលាសំរាប់បំពេញកាតព្វកិច្ចផ្សេងៗទៀត ដែលទាញយកពេលវេលាមួយចំនួនធំពីការថ្នាក់ថ្នមសេចក្តីស្នេហានេះ ដូច្នេះស្នេហាត្រូវការជំនឿដ៏រឹងមាំគឺភាពជឿជាក់នឹងស្មោះត្រង់ ចំពោះគ្នាទៅវិញទៅមក។ ពេលវេលាពិតជាធ្វើបាបមនុស្សពីរនាក់ដែលស្រលាញ់គ្នាមែន ក្តីរំពឹងទុកគំរោងនៃអនាគតនឹងសន្យារាប់ពាន់ពាក្យកំពុងទទឹងរង់ចាំទាំងតក់ត្រហល់។
ថ្ងៃនៃអនាគត ថ្ងៃដែលយើងបានជួបគ្នាម្តងទៀត អូនមានជំនឿជឿជាក់ថាយើងនឹងមិននៅឆ្ងាយពីគ្នាទៀតទេ យើងនឹងសាងគ្រួសារមួយដោយខ្លួនឯង យើងនឹងផ្តល់សេចក្តីស្រលាញ់នឹងសុភមង្គលចំពោះគ្នារហូតតទៅ។
ស្នេហាដូចគ្នានិយមន័យផ្សេងគ្នា
Reviewed by Sabay KH
on
October 17, 2017
Rating:
Reviewed by Sabay KH
on
October 17, 2017
Rating:


No comments: