បំរាមពេលសាងសង់ផ្ទះ

អតីតអគាររដ្ឋសភាដែលឥឡូវនេះត្រូវបានប្រែក្លាយជាអគារតុលាការកំពូល គឺជាសំណង់តាមរចនាបទខ្មែរដ៏រស់រវើក
បំរាមខាងក្រោមនេះស្រាវជ្រាវដោយលោកបណ្ឌិតមីសែលត្រាណេ
និងមានបោះពុម្ពផ្សាយនៅក្នុងសៀវភៅ “វប្បធម៌ខ្មែរសុរិន្ទ្រ-ភាគទីមួយ” ។
តាមការរៀបរាប់របស់លោកបណ្ឌិតបំរាមនេះចងក្រងឡើងតាមការស្រាវជ្រាវ
និងសម្ភាសន៍មួយចំនួនដូចជា : តម្រាព្រះគ្រូភ្រីងមេធំការ
ចៅអធិការវត្តបានតាណាំង, តម្រារបស់ព្រះគ្រូបនពូជិតោ
ចៅអធិកាវត្តបានឃោកពុ សង្កាត់ថ្ម ស្រុកប្រាសាទ ខេត្តសុរិន្ទ្រ
និងកិច្ចសម្ភាសន៍ជាមួយលោកអុំឥន្ទ្រ ក្លាញីងនៅភូមិបុទុម ។ មានបំរាម ១០
ដែលមិនត្រូវបំពានពេលសាងសង់ផ្ទះសម្បែង :
១. ហាមមិនឲ្យធ្វើផ្ទះដែលដីនៅទីសាងសង់នោះមានឬសឈើ
គល់ឈើ ឬក៏បង្គោលឈើកប់នៅពីក្រោម
បើមិនដូច្នោះទេមានឬសឈើចាស់ៗយូរហើយដែលនៅក្នុងដីស្រាប់ ។
បើសិនជាសង់ផ្ទះលើទីបែបនោះនឹងកើតមានទោសឈឺពោះ
ដូចជាមានអ្វីមកចាក់ដោតក្នុងពោះអញ្ចឹង ។
ចាំបាច់ត្រូវជីកយករបស់អស់នោះចេញឲ្យអស់សិនសឹមសង់នៅពីលើទីនោះ ។
២. ហាមសង់ផ្ទះលើឬសសីមាចាស់
វត្តចាស់ ឬក៏មានគេបញ្ចុះអាថ័នទុករួចហើយ ។ ក្នុងករណីមិនដឹងគេនិយមនិមន្តព្រះសង្ឃទៅសូត្រដកសីមាសិន
។
៣. ហាមសង់ផ្ទះលើផ្លូវចាស់,
ផ្លូវទឹកហូរចាស់ៗ
ឬហាមសង់នៅក្នុងលក្ខណៈដែលតួផ្ទះមានភ្លឺស្រែសឹករិចរឹល, បង្គោលរបងកំបុត, ផ្លូវដើរ, ឬក៏ថ្នល់ចាស់បុកមកចំ ព្រោះនឹងកើតរោគភ័យរកមូលហតុមិនឃើញ ។
បើសិនជាមានករណីបែបនេះហើយចៀសវាងមិនបាន
ត្រូវដោះស្រាយដោយដាំដើម
ទាល់ចំត្រង់ពីលើចុងបង្គោល ឬចំផ្លូវនោះ
ដើម្បីកុំឲ្យកម្លាំងអាថ៌កំបាំងធ្វើអ្វីបាន ។
ក៏ប៉ុន្តែចំពោះជនជាតិចិនវិញ គេនិយមដាក់កញ្ចក់ឆ្លុះស្រមោល
ឬដាក់រូបសឹង្ហពាំដាវនៅត្រង់កន្លែងនោះ ដើម្បីកែខៃឲ្យទៅជាល្អវិញ ។
៤. ហាមស្រះខាងត្បូងអណ្តូងខាងលិច
បានន័យថា មិនឲ្យជីកស្រះនៅខាងត្បូងផ្ទះ និងជីកអណ្តូងនៅពីខាងលិចផ្ទះ
ព្រោះជាអពមង្គលរកស៊ីមិនឡើង ។ អ្នកចាស់ទុំបានផ្តល់ហេតុផលថា :
ស្រះទឹកគឺជាអាងទឹកជ្រៅ រីឯខាងត្បូងមានន័យម្យ៉ាងថា
ក្បាល(ដូចជាក្បាលចិញ្ចៀនឬត្បូងចិញ្ចៀនជាដើម) ។
ក្បាលត្រូវតែខ្ពស់នៅលើផុតទើបល្អ តែបើជាអាងជ្រៅវិញបានន័យថា កំបុតក ។
ចំណែកឯអណ្តូងទឹកនៅពីលិចវិញបានន័យថា មិនអណ្តែត វានឹងចុះទៅក្នុងអណ្តូង
នឹងរកស៊ីអ្វីក៏មិនឡើងដែរ ។
៥. ហាមយកឈើដែលគេធ្វើជង្រុកស្រូវ
ឬក៏វត្តអារាមមកសង់ផ្ទះ ។ មានជំនឿថា
នឹងមានតែរឿងក្តៅក្រហាយមិនចេះអស់មិនចេះហើយ ។
៦. ការធ្វើទ្វារផ្ទះ
បើសិនជាមានទ្វារក្រោយ កុំឲ្យទ្វារមុខ និងទ្វារក្រោយនៅត្រង់គ្នា ។
បើនៅត្រង់គ្នានឹងរក្សាទ្រព្យមិនគង់ឡើយ បានន័យថា
រកបានដៃស្តាំចំណាយដៃឆ្វេង ។
៧. សសរផ្ទះ
បើសិនជាមានផ្ទះនៅជិតខាងគ្នាបញ្ច្រាសគ្នា
សុំកុំឲ្យសសរផ្ទះរត់ត្រង់បន្ទាត់ជាមួយគ្នា
នឹងមានរឿងទាស់ចិត្តទាស់គំនិតគ្នា ឬកើតរឿងឈ្លោះគ្នា ។

រចនាបទផ្ទះខ្មែរភាគច្រើននៅជនបទ
៨. ជណ្តើរផ្ទះ
កុំធ្វើកាំជណ្តើររាប់ទៅគត់ ព្រោះនឹងនាំមកនូវភ័យវិបត្តិដល់ម្ចាស់ផ្ទះ
។
៩. ជណ្តើរផ្ទះហាមកុំឲ្យចុងសំយុងចុះទៅទិសខាងលិច
ព្រោះនឹងនាំឲ្យឱនអាប់ធ្លាក់ដុនដាប ។ បើធ្វើជណ្តើរជារង្វេលឡើង
កុំធ្វើរង្វេលពទ្ធ័ទៅខាងឆ្វេង (គឺនៅពេលដើរត្រូវឡើងពទ្ធ័ខាងឆ្វេងដៃ)
ជណ្តើរបែបនោះគេចាត់ទុកថា ជាជណ្តើរខ្មោចនឹងកើតរោគាព្យាធិហើយនឹងស្លាប់ ។
១០. សសរផ្ទះត្រូវត្រង់ហើយស្មើៗគ្នា
កុំឲ្យមានសសរខ្លះតូចខ្លះធំ នឹងរស់នៅពុំសុខសប្បាយ ។ ចំពោះរឿងសសរនេះ
លោកហាមប្រើសសរដែលមានភ្នែកឈើ ៤ ប្រភេទ :
១០-១ ភ្នែកឈើត្រង់កំរិតកាយបាននៅជាប់ដី
ហៅថា ភ្នែកឈើមាន់កកាយ ។ ទោសរបស់ភ្នែកឈើមាន់កកាយ
គឺទ្រព្យសម្បត្តិនឹងខ្ចាត់ខ្ចាយជួបវិបត្តិផ្សេងៗ ។
១០-២ ភ្នែកឈើត្រង់កំរិតជ្រូកកកិតចំហៀងបាន
ហៅថាភ្នែកឈើជ្រូកត្រដុស ។ ជ្រូកត្រដុសនឹងធ្វើឲ្យកើតរឿងជាប់គុកជាប់ច្រវាក់
មានរឿងក្តីមនុស្សដទៃមួលបង្កាច់ ។
១០-៣ ភ្នែកឈើត្រង់ចំណុចបញ្ឈរដែលគេដាក់រត
ហៅថាភ្នែកឈើទល់រត ។ ភ្នែកឈើបែបនេះនឹងធ្វើឲ្យភ្លើងឆេះផ្ទះ
ឬក៏ឈឺគ្រុនក្តៅ ហើយរក្សាព្យាបាលមិនជាឡើយ ។

ផ្ទះខ្មែនៅប៉ៃលិន
១០-៤ ភ្នែកឈើនៅត្រង់ចំណុចដែលគេវាយដែកគោល
ឬចំណុចដែលគេដាក់គន្លឹះខ្លាស់រត ដែលដូចជា ចោះលើភ្នែកឈើនោះតែម្តង ។
ភ្នែកឈើបែបនេះគេហៅថា ភ្នែកឈើស្លាក់ឡត (ខ្ទាស់បំពង់)
ដែលនឹងធ្វើឲ្យពិបាកសំរាលកូ ន។
នៅមានរបស់ដែលផ្តល់ទោសម្យ៉ាងទៀតដែលខ្មែរហៅថា
ពាំសម្បក បានន័យថា មានស្នាមភ្នែកជារាងទ្រវែង
ហើយមានសំបកនៅជាប់ក្នុងស្នាមដំបៅនៃសាច់ឈើនោះ ។ ចាស់ទុំប្រកាន់ជឿថា
នឹងឲ្យទោសយ៉ាងខ្លាំងជាទីបំផុត
បើតាមឃើញកន្លងមកកន្លែងខ្លះបើសិនជាមានកូនប្រុស
កូននោះច្រើនមិនគ្រប់ទឹក ឡប់ៗព្យាបាលយ៉ាងណាក៏មិនជាដែរអស់ជាច្រើនឆ្នាំ
។ ក្រោយមកមានគេបញ្ជាន់រូបប្រាប់ឲ្យ
យកសសរពាំសម្បកនោះចេញទើបកូននោះបានជាសះស្បើយ
ដោយមិនទាំងបានព្យាបាលអ្វីផង ។ គួរបញ្ជាក់ថា សសរពាំសម្បកនេះ
ជួនកាលមើលពីខាងក្រៅមិនឃើញទេ ពីព្រោះមានសម្បកនៅរុំពទ្ធ័ក៏មានដែរ ។
ត្រូវឲ្យគេបញ្ចូលរូបទើបបានដឹង ។
ទាក់ទងនឹងភ្នែកសសរនេះ
បើសិនជាអារឡើងខាងលើហើយនោះលោកថា មិនជាអ្វីទេ ។
តម្រាខ្លះបានពោលថា
សសរដែលមានភ្នែកជាលេខសេស (១,៣,៥,៧)
ចាត់ទុកថា ល្អ បើសិនជាលេខគូ(២,៤,៦,៨) គឺមិនល្អទេ ត្រូវមានពិធីរំងាប់ពិសទោសរបស់សសរផ្ទះ
ដោយការសូត្រគាថា ដាក់នឹងដែកគោល វាយត្រង់ភ្នែកសសរ សង្កត់ជំនាងឈើទុក
ដោយសូត្រមន្ត ធរណីសារ ៕
បំរាមពេលសាងសង់ផ្ទះ
Reviewed by Sabay KH
on
October 19, 2017
Rating:
Reviewed by Sabay KH
on
October 19, 2017
Rating:

No comments: